ដាក់គុកបណ្ដោះអាសន្ន ក្រុមឆបោកថាខ្លួនមានជំងឺធ្ងន់ និងលុយច្រើនត្រូវការផ្ទេរមរតក

ភ្នំពេញៈ​ ប្រភពព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសស្បែកខ្មៅ៥នាក់ និងស្ត្រីខ្មែរ២នាក់ ដែលសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ឃាត់ខ្លន ពាក់ពន្ធករណីឆបោកប្រាក់ តាមរយៈសារអេឡិចត្រូនិចនោះ ត្រូវបានចៅក្រមសើបសួរ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគាររួចហើយ តាំងពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ។

តាមដីកាបង្គាប់ឲ្យឃុំខ្លួន ដោយលោកចៅក្រម សេង លាង ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៩ តុលាការបានសម្រេចចោទប្រកាន់ និងធ្វើការឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសលើឈ្មោះ ១-ឈ្មោះ Sabir Hussain ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិប៉ាគីស្ថាន ២-ឈ្មោះ John Amandi Uzoezie ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ នីហ្សេរីយ៉ា ៣-ឈ្មោះ Okonjo Chris Tian Ocechvkwuka ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ កើតនៅប្រទេស នីហ្សេរីយ៉ា ៤-ឈ្មោះ Milano Dubem ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិ ខ្មែរ កើតនៅប្រទេស នីហ្សេរីយ៉ា ៥-ឈ្មោះ រុន រដ្ឋា ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ៦-ឈ្មោះ រុន បញ្ញា ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។

តាមខ្លឹមសារដែលត្រូវបានសមត្ថកិច្ច បង្ហោះជាសាធារណៈលើសង្គមហ្វេសប៊ុក បានបញ្ជាក់ពីសកម្មភាពរបស់ជន សង្ស័យ​មួយ​ក្រុម​នេះឲ្យដឹងថា ជនសង្ស័យបានលេង​ល្បិច​ ប្រើប្រាស់អុីមែលផ្ញើសារទៅរកជនរងគ្រោះនៅក្នុងស្រុកខ្មែរ ដោយប្រាប់ថា ពួកគេកំពុងមានជំងឺជាទម្ងន់​​ ហើយមានមរតកយ៉ាងច្រើន នឹងត្រូវការប្រគល់ឲ្យជនរងគ្រោះ ប៉ុន្តែតម្រូវឲ្យជនរងគ្រោះ ផ្ញើប្រាក់មួយចំនួនឲ្យគេជាមុនសិន ដើម្បីរៀបចំឯកសារផ្ទេរមរតកនោះ ។​

ក្រោយការស្រាវជ្រាវយ៉ាងយកចិត្តដាក់ លើបទល្មើសប្រឆាំងបច្ចេកវិទ្យា ជាល្បិច​ដ៏ចាស់គំរិលនេះ ជនសង្ស័យបានធ្លាក់ចូលអន្ទាក់របស់សមត្ថកិច្ច និងត្រូវ​ឃាត់ខ្លួន​ជាក្រុម យោងតាមពាក្យបណ្តឹងជនរងគ្រោះ ​។ ជាមួយនោះផងដែរ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ធ្លាប់បានធ្វើការផ្សព្វផ្សាយជាច្រើនដងហើយ ពាក់ពន្ធទៅនិងល្បិចកលដ៏គម្រក់ ពីសំណាក់ជនទុច្ចរិតនេះ ដែលសូមឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន នូវករណីឆបោកដែលជនល្មើសប្រើប្រាស់វិធីផ្សេងៗ ដូចជា ឈ្នះរង្វាន់ពីក្រុមហ៊ុន សាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឲ្យជនរងគ្រោះផ្ញើប្រាក់ឲ្យពួកគេ ៕