បង់លុយ ១០ម៉ឺនឲ្យលោកអធិការសិន ទើបទៅមុខបានទៀត សម្រាប់គោយន្ដនៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ ប្រជាពលរដ្ឋ រកស៊ីដឹកផលអនុផលព្រៃឈើ បានរិះគន់លោក ហ៊ុន សុខហុន អធិការនគរបាលស្រុកថ្ពងថា បានបញ្ជាការកូនចៅមន្ត្រីក្រោមឱវាទ គាបសង្កត់ក្រុមអ្នករកស៊ីដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយាជំរិតទារប្រាក់ពីពួកគាត់ឥតសំចៃ។ បើមិនបង់លុយឲ្យក្នុង១គោយន្ត ចាប់ពី១០ម៉ឺនទេនោះ ច្បាស់ជាចេញមិនរួចពីទឹកដីស្រុកថ្ពង ក្រោមការគ្រប់គ្រងពីវរសេនីយ៍ឯក ហ៊ុន សុខហុន នោះឡើយ ដោយច្បាស់ជាត្រូវចាប់បង្ក្រាបជាក់ជាមិនខាន ។

ប្រជាពលរដ្ឋអ្នករកស៊ីដឹកជញ្ជូនផល អនុផលព្រៃឈើដដែល បានរិះគន់ និងចោទប្រកាន់លោក ហ៊ុន សុខហុន ជាអធិការថា បានបញ្ជាកូនចៅមន្ត្រីក្រោមឱវាទដេកអង្រឹង និង ដើរជំរិតទារប្រាក់ពីពួកគាត់មិនត្រាប្រណីឡើយ ក្នុងមួយគោយន្តចាប់ពី១០ម៉ឺនទៅ២០ម៉ឺនរៀល បើមិនបង់ទេនោះចាប់ ហៅជំនាញមកឃាត់បង់ពិន័យជាក់ជាមិនខានឡើយ ។ ប្រជាពលរដ្ឋជាអ្នកដឹកផលអនុផលព្រៃឈើបានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ដឹកជញ្ជូនឈើចេញពីខេត្តពោធិ៍សាត់ឆ្លងកាត់ទឹកដីស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានដោយរលូនដូចសព្វថ្ងៃនេះ ក៏ដោយសារពួកគាត់យកលុយទៅរត់ការឲ្យមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងនោះក៏ត្រូវបង់ នគរបាលស្រុកថ្ពង ដែលជាមន្ត្រីរកចំណូលឲ្យលោក ហ៊ុន សុខហុន ដែល គឺតម្រូវឲ្យពួកគាត់ចូលបង់លុយក្នុងមួយគោយន្តកន្រ្តៃតម្លៃ១០ម៉ឺនរៀល រថយន្ត២០ទៅ៣០ម៉ឺនរៀល ហើយ បើមិនប្រាប់ឲ្យដឹងមុននោះទេ បើកគោយន្តហួស ឬភ្លេចបង់លុយឲ្យក្រុមអស់លោកសមត្ថកិច្ចច្បាស់ជា លោកហ៊ុន សុខហុន គំរាមចាប់ប្រគល់ឲ្យសមត្ថកិច្ចជំនាញជាក់ជាមិនខានឡើយ ។ បើអ្នកណាបង់តាមការកំណត់លោកអធិការ ធានាបើករថយន្ដកាងឱ្យដល់គោលដៅទៀតផង ។

ក្នុង១យប់ៗគោយន្តដឹកបទល្មើសមិនក្រោម៥០ទៅ៦០គ្រឿងនោះឡើយ មិនអាចរំលងសមត្ថកិច្ចស្រុកថ្ពងផុតសូម្បីតែមួយគ្រឿងនោះឡើយ ។

បន្ទាប់ពីក្រុមអ្នកសារព័ត៌មានមួយចំនួនប្រចាំនៅក្នុងខេត្តកំពង់ស្ពឺបានផ្សព្វផ្សាយរិះគន់លោកអធិការកន្លងមកតែងតែស៊ីដាច់សូម្បីតែលុយជនពិការ និងរឿងជាច្រើនទៀតរាប់បញ្ចូលទាំងបណ្តឹងគំរាមសម្លាប់ និងថ្នាក់លើបានដាក់ពិន័យផងនោះ លោកអធិការបានបញ្ជាឲ្យកូនចៅហាមដាច់ខាតមិនឲ្យក្រុមអ្នកសារព័ត៌មានជួប ថតផ្តិតយករូបភាពមកផ្សព្វផ្សាយនោះគេ គំរាមបំបាក់ស្មារតីដើម្បីការពារប្រយោជន៍របស់ខ្លួន ។

ទង្វើបែបនេះ ត្រូវបានមជ្ឈដ្ឋានទូទៅលើកឡើងថា តើលោកអធិការស្រុកធ្វើបែបនេះ មានការអនុញ្ញាតពីថ្នាក់លើ ឬ ដោយសារតែកន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហាមដាច់ខាតមន្ត្រីនគរបាលដាក់កុងត្រូលជជុះតាមដងផ្លូវនោះ ។

គេសង្កេតឃើញថាមន្ត្រីនគរបាលតាមបណ្តាលប៉ុស្តិ៍មួយចំនួនក្នុងស្រុកថ្ពងបានដាក់អង្រឹងដេកចាំ និងដើរប្រមូលលុយពីក្រុមរកស៊ីដឹកផលអនុផលព្រៃឈើ ព្រមទាំងក្រុមឈ្មួញរកស៊ីធំៗជាច្រើននៅក្នុងខេត្តកំពង់ស្ពឺមិនរំលងលោកអធិការ ហ៊ុន សុខហុន ដែលមានអំណាចលើសលោកស្នងការនគរបាលខេត្តទៅទៀតនោះ បើនៅក្នុងស្រុកថ្ពងវិញគេដាក់រហ័សនាមថា(លោមអធិការ ស្តេចក្រាញ់) ។

ពាក់ពន្ធ័ និងការលើកឡើងខាងលើនេះដែលអ្នកយកព័ត៌មានទូរសព្ទ័ទៅលោកអធិការលេខដែលធ្លាប់ប្រើនោះមិនអាចទាក់ទងបាននោះទេ(ខលមិនចូល) ។

ដើម្បីជៀសវាងកុំឲ្យមានការរិះគន់ប៉ះពាល់កិត្តិយសស្ថាប័នស្នងការនគរបាលខេត្តកំពង់ស្ពឺ ក៏ដូចជាអគ្គស្នងការនគរបាលជាតិ នោះសូមលោកស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក ឧត្តមសេនីយ៍ទោ សម សាមួន ស៊ើបអង្កេតផងទាន!! តើការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើលោកហ៊ុន សុខហុន នេះពិតដែរឬយ៉ាងណា?មហាជនមានតែរង់ចាំមើលថាតើវិធានការរបស់លោកស្នងការនគរបាលខេត្តមានការស្រាវជ្រាវ ចេញលទ្ធផលបែបណានោះទេ? ។

ប្រជាពលរដ្ឋសង្ឃឹមថាលោកស្នងការនគរបាលខេត្ត និងចាត់ជំនាញស៊ើបអង្កេតរឿងនេះឲ្យបានច្បាស់លាស់ជាក់ជាមិនខានឡើយ ៕

ប្រភព ៖ Campost