អភិបាលខេត្តកំពង់ចាម ៖ សមិទ្ធផលសព្វថ្ងៃ គឺជាស្នាដៃរបស់លោកយាយ-លោកតាដែលប្រឹងប្រែងកន្លងមក

កំពង់ចាមៈ ថ្លែង​ក្នុង​ពិធី​អញ្ជើញជាអធិបតីក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១​ តុលា លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជា​ប្រធាន​កិត្តិយស​ នៃ​អនុ​គណៈកម្មាធិការ​ មនុស្ស​ចាស់​ថ្នាក់​ខេត្ត បាន​លើក​ឡើង​ថា សមិទ្ធិផលថ្ងៃនេះ គឺជាស្នាដៃរបស់លោកយាយ-លោកតា ដែលបានខិតខំប្រឹងប្រែង ត្រួសត្រាយ ពីអតីតកាល។

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១​ តុលានេះ​ ក្រោមប្រធានបទ (សមាគមមនុស្សចាស់ជាយន្តការដ៏សំខាន់ ក្នុងការថែរក្សាវប្បធម៌ គ្រួសារ និងសង្គមជាតិ​)​ ក្រោម​ការ​រៀបចំ​របស់​មន្ទីរ​សង្គមកិច្ច​ អតីត​យុទ្ធជន​​ និង​យុវនីតិសម្បទា​ ខេត្ត​កំពង់ចាម​ ។

​ពិធី​នេះដែរ ​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៨​ នៅ​សាលប្រជុំ​ សាលា​ក្រុង​កំពង់ចាម​ ខេត្ត​កំពង់ចាម​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពីលោក​ លោកស្រី​ ប្រធាន​មន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ និង​លោកយាយ-លោកតា ជាអតីតមន្ត្រីរាជការ ចំនួន២០០នាក់​ ផង​ដែរ​។

ក្នុងឱកាសនោះ លោក​អភិបាលខេត្ត បាន​រំលឹក​អនុស្សាវរីយ៍​ ក្រោយ​ជំនាន់សង្គមរាសនិយម រហូតមកដល់ មុនឆ្នាំ១៩៧៩ រូបលោក គឺជាសមិទ្ធិផល នៃធនធានមនុស្ស ក្រោយឆ្នាំ១៩៧៩ ដែលជាសម័យកាលរបស់ លោកយាយ-លោកតា បានចូលរួមបម្រើកិច្ចការប្រទេសជាតិ​ អមដំណើរ​ជាមួយសម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន រហូតដល់ឆ្នាំ ដែលត្រូវចូលនិវត្តន៍។ ដូច្នេះ អាចនិយាយបានថា បើគ្មានការចូលរួមចំណែក ក្នុងការកសាង ប្រទេសពីសំណាក់ លោកយាយ-លោកតា នៅពេលនោះទេ រូបលោក ក៏មិនបានរៀនសូត្រ ហើយបានចូលបម្រើការងាររហូត ក្លាយទៅជាអភិបាលខេត្តកំពង់ចាមដូចថ្ងៃនេះដែរ ។

ជាងនេះទៅទៀត លោក​អភិបាលខេត្តតំណាងឲ្យ​ថ្នាក់ដឹកនាំខេត្តទាំងអស់ សូមសម្ដែងនូវការដឹងគុណ ដែលលោកយាយ-លោកតា បានខិតខំប្រឹងប្រែង កសាង នូវគុណប្រយោជន៍ ជាច្រើន ទុកសម្រាប់ ជាធនធានមនុស្សជំនាន់ក្រោយ ។ ជាមួយគ្នានោះដែរ ក្នុងថ្ងៃទី២៧ កញ្ញា ដែលត្រូវនឹងថ្ងៃកាន់បិណ្ឌទី៣ លោកអភិបាលខេត្តកំពង់ចាម រួមជាមួយ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តកំពង់ចាម បានចែកជូននូវថវិកា និងក្រ​ណាត់ស ជូនលោកយាយ លោកតា ចំនួន២០០នាក់ ក្នុងនោះម្នាក់ៗ ទទួលបានថវិកា ៥ម៉ឺនរៀល និងក្រណាត់ស១ដុំ​ ផង​ដែរ​។

ក្រោយពីបញ្ចប់ក្នុងពិធីជួបសំណេះសំណាលជាមួយ​លោក​យាយ​-លោក​តា​ រួចមក​លោកអភិ​បាលខេត្ត បានចុះពិនិត្យ​ និងជូនពរដល់សិស្សានុសិស្ស​ ដែលបានមកដាក់ពាក្យប្រឡងចូលបម្រើ​ការ​ក្នុង​ក្របខ័ណ្ឌក្រសួងអប់រំយុវជន​ និងកីឡា​ ដើម្បីក្លាយជាគ្រូបង្រៀន​ ដើម្បី​លើកស្ទួយវិស័យអប់រំនៅកម្ពុជាឲ្យមានការរីកចម្រើនផងដែរ​៕

ប្រភព ៖ Campost