លោកនាយករដ្ឋមន្រ្តីកម្ពុជា «ស្នើរ» ឲ្យអាមេរិកជួយរកទីផ្សារ ឲ្យផលិតផលកសិកម្មកម្ពុជា

ភ្នំពេញៈ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យក្រុមហ៊ុនកសិកម្មសហរដ្ឋអាមេរិក ពិនិត្យមើលលទ្ធភាពក្នុងការវិនិយោគទៅលើការកែច្នៃផលិតផលកសិកម្មកម្ពុជា ឲ្យទៅជាផលិតផលពាក់កណ្តាល សម្រេច ឬផលិតផលសម្រេច ដែលអាចបម្រើដល់ទីផ្សារស្រុក និងក្រៅស្រុក។ យោងតាមគេហទំព័រហ្វសប៊ុករបស់លោកនាយករដ្ឋមន្រ្តី។

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Michael Walter Michalak ជានាយកគ្រប់គ្រងតំបន់ និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ សម្តេច បានស្នើឲ្យអ្នកវិនិយោគអាមេរិក ពិនិត្យ ពិចារណាយកបច្ចេកទេស យកមកប្រើប្រាស់នៅកម្ពុជា ក៏ដូចជាក្នុងតំបន់ផងដែរ។

លោកនាយករដ្ឋមន្រ្តីថា “ខ្ញុំបានស្នើសុំឲ្យក្រុមហ៊ុនពិនិត្យមើលទៅលើការវិនិយោគទៅលើការកែច្នៃផលិតផលកសិកម្មកម្ពុជា ឲ្យទៅជាផលិតផលពាក់កណ្តាលសម្រេច ឬក៏ផលិតផលសម្រេច ដែលអាចបម្រើទៅដល់ទីផ្សារ ទាំងក្នុងស្រុកផង និងក្រៅស្រុកផង”

ជាមួយគ្នា លោកនាយករដ្ឋមន្រ្តីសង្ឃឹមថា អាមេរិក នឹងចូលរួមយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាអាកាសធាតុ ក៏ដូចជាពាក់ព័ន្ធនឹងបញ្ហាវិនិយោគដទៃទៀត ដូចជា បញ្ហាសេដ្ឋកិច្ច ថាមពល ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍន៍ធនធានមនុស្ស និងវប្បធម៌ជាដើម។

លោកនាយករដ្ឋមន្រ្តី អះអាងថា ពាក់ព័ន្ធបញ្ហាប្រែប្រួលអាកាសធាតុវិញ មានទឹកជំនន់ និងភ្លៀងខុសរដូវ ដោយបង្កើតជាបញ្ហា មិនត្រឹមតែនៅកម្ពុជាទេ គឺនៅទូទាំងតំបន់ និងពិភពលោកទាំងមូលតែម្តង។ ពូជស្រូវ ពូជដំណាំ ដែលធ្លាប់តែត្រូវនឹងកម្ដៅ ដែលធ្លាប់មានកន្លងមក នៅពេលនេះ គឺត្រូវចាំបាច់ពិនិត្យឡើងវិញ ដោយសារការកើនឡើង នៃកម្ដៅបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។

លោក Michael នាយកគ្រប់គ្រងតំបន់ និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន បានលើកឡើងថា ការបំពេញភារកិច្ចនៅកម្ពុជា ដើម្បីពិភាក្សារកនូវចំណុចរួម ដើម្បីជាផលប្រយោជន៍ រួមទាំងអ្នកវិនិយោគកម្ពុជា អ្នកវិនិយោគអាស៊ាន និងអាមេរិក ក៏ដូចជាការអភិវឌ្ឍន៍របស់កម្ពុជាផងដែរ។

ចំណែកឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក William A. Heidt ដែលបានចូលរួមក្នុងជំនួបនេះដែរ បានឲ្យដឹងដែរថា មានក្រុមហ៊ុនកសិកម្មអាមេរិក ប្រមាណ៦ទៅ១០ក្រុមហ៊ុន កំពុងពិភាក្សាស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា៕

ប្រភព ៖​ Campost