ក្រសួងការងារ​ ព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះសហគ្រាស រោងចក្រ​ ក្រុមហ៊ុនណា ​មិនអនុវត្ដន៍ការបើកប្រាក់ខែ ២ដងក្នុងមួយខែ

ភ្នំពេញៈ រដ្ឋមន្រ្ដីក្រសួងការងារ​ បានព្រមានចាត់វិធានផ្លូវច្បាប់ ចំពោះសហគ្រាស រោងចក្រ​ និងក្រុមហ៊ុនណា ​មិនអនុវត្ដការបើកប្រាក់ខែ ២ដងក្នុងមួយខែ ដើមឆ្នាំ២០១៩ខាងមុខនេះ​ ដើម្បីបង្កភាពងាយស្រួល​ និងជួយសម្រាលបន្ទុកក្នុងជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ។

ប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំគណៈប្រឹក្សាភិបាល លើកទី៣ នៃកម្មវិធីរួមគ្នារបស់អង្គការសហប្រជាជាតិ​ “រួមគ្នាដើម្បីមុខរបរ​ និងការងាររបស់យុវជននៅកម្ពុជា”​ កាលពីរសៀលថ្ងៃទី​២៥​ ខែកញ្ញា​ នៅទីស្ដីការក្រសួង លោក​ អ៊ិត​ សំហេង​ រដ្ឋមន្រ្ដីក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ​ បានឲ្យដឹងថា​ ក្រសួងការងារ​បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២១ ខែកញ្ញារួចហើយ​ថា​ ចាប់ពីខែមករា ឆ្នាំ២០១៩ តទៅ ម្ចាស់សហគ្រាស គ្រឹះស្ថានទាំងឡាយណា ដែលស្ថិតនៅក្រោមបទប្បញត្តិនៃច្បាប់ ស្តីពីការងារ ត្រូវរៀបចំឲ្យមានការបើកប្រាក់ឈ្នួលជូនកម្មករ និយោជិត ចំនួន២ដងក្នុងមួយខែ ដោយត្រូវបើកលើកទី១ ក្នុងសប្តាហ៍ទី២ និងលើកទី២ ក្នុងសប្តាហ៍ទី៤ នៃខែនីមួយៗ។

លោកបានបញ្ជាក់ថា​ ការបើប្រាក់ខែលើកទី១ គឺស្មើនឹងចំនួន៥០% នៃប្រាក់ឈ្នួលសុទ្ធសាធក្នុងមួយខែ ហើយការបើប្រាក់ខែ​លើកទី២ គឺស្មើនឹងចំនួនប្រាក់ឈ្នួលសុទ្ធសាធដែលនៅសល់ ប្រាក់ឈ្នួលបន្ទាប់បន្សំ និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលកម្មករនិយោជិតត្រូវទទួលបាននៅក្នុងខែនីមួយៗ។

លោករដ្ឋមន្រ្តី ​បានជំរុញឲ្យនាយកខុទ្ធកាល័យ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយក នៃអគ្គនាយកដ្ឋានការងារ ប្រធាននាយកដ្ឋានអធិការកិច្ចការងារ ប្រធានយកដ្ឋានវិវាទការងារ ប្រធានអង្គភាព ក្រោមឱវាទនៃក្រសួងការងារ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ត្រូវអនុវត្តតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាទៅ។

សូមបញ្ជាក់ថា​ ការសម្រេចរបស់ក្រសួងការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលតែងតែគិតគូរកម្មករ និយោជិត លើកវិស័យកាត់ដេរ និងផលិតស្បែកជើង។ ជាក់ស្តែងក្នុងជំនួបសំណេះសំណាលជាមួយកម្មករ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឲ្យមានការបើកប្រាក់ឈ្នួលជូនកម្មករពីរដង ក្នុងមួយខែផងដែរ៕